ច្បាប់ចរាចរណ៍ថ្មីសម្រាប់ទូរសព្ទដៃ និងឧបករណ៍ផ្សេងទៀត
ច្បាប់ចរាចរណ៍ថ្មីកំពុងត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីគ្រប់គ្រងលើការប្រើប្រាស់ឧបករណ៍ចល័ត ឧបករណ៍ដែលអាចពាក់បាន និងឧបករណ៍ដាក់ដំឡើងពីខាងក្នុងជាច្រើនប្រភេទ ខណៈពេលកំពុងបើកបរយានយន្ត ឬជិះម៉ូតូ។ ច្បាប់ទាំងនេះត្រូវបានរៀបចំឡើង ដើម្បីជួយរក្សាសុវត្ថិភាពមនុស្សនៅលើផ្លូវថ្នល់របស់យើង។
ច្បាប់ទាំងនេះគ្របដណ្តប់៖
- ឧបករណ៍ចល័ត (ទូរសព្ទដៃ ថេប្លេតមិនបានដាក់ភ្ជាប់នៅនឹងកន្លែង)
- ឧបករណ៍ដែលអាចពាក់បាន (នាឡិកាឆ្លាតវៃ អេក្រង់បង្ហាញរូបភាពនៅពីខាងមុខដែលអាចពាក់បាន)
- ឧបករណ៍ដាក់ដំឡើងពីខាងក្នុង (ប្រព័ន្ធព័ត៌មាន រុករក និងកម្សាន្ត អេក្រង់បង្ហាញរូបភាពនៅពីខាងមុខ ជាផ្នែកដាក់ដំឡើងពីខាងក្នុងយានជំនិះ)
- ឧបករណ៍ដាក់ភ្ជាប់នៅនឹងកន្លែង (អេក្រង់បង្ហាញរូបភាពនៅពីខាងមុខ ថេប្លេត ទូរសព្ទដៃ ឧបករណ៍ចាក់មេឌៀ ប្រសិនបើត្រូវបានដាក់ភ្ជាប់នៅនឹងកន្លែងដោយសុវត្ថិភាពនៅក្នុង ឬនៅលើយានយន្ត) និង
- ឧបករណ៍មួកសុវត្ថិភាពសម្រាប់ម៉ូតូ។
អ្នកបើកបរដែលមានប័ណ្ណបើកបរពេញលេញ ជាទូទៅមិនអាចប៉ះឧបករណ៍ចល័តដែលមិនបានដាក់ភ្ជាប់នៅនឹងកន្លែងទេ ដូចជាទូរសព្ទ ថេប្លេត កុំព្យូទ័រយួរដៃ ឬឧបករណ៍ផ្សេងទៀតខណៈពេលកំពុងបើកបរ។
ដោយសារតែការកើនឡើងហានិភ័យសុវត្ថិភាពចរាចរណ៍របស់ពួកគេ អ្នកមានប័ណ្ណបើកបរដាក់ផ្លាកអក្សរ L និង P ស្ថិតក្រោមការរឹតបន្តឹងបន្ថែមទៀត។ សូមមើលផ្នែកខាងក្រោមសម្រាប់ព័ត៌មានបន្ថែម។
អ្នកបើកបរដែលមានប័ណ្ណបើកបរពេញលេញ
សម្រាប់ប្រភេទឧបករណ៍ទាំងអស់ (ចល័ត ដែលដាក់ភ្ជាប់នៅនឹងកន្លែង ដែលអាចពាក់បាន និងដាក់ដំឡើងពីខាងក្នុង) ខណៈពេលកំពុងបើកបរ អ្នកមិនត្រូវ៖
- បញ្ចូលអត្ថបទ លេខ ឬនិមិត្តសញ្ញា
- រំកិល (ដូចជានៅលើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម បញ្ជីចាក់)
- លេងវីដេអូ ឬហ្គេម ឬទទួលការហៅជាវីដេអូ
- បង្ហាញ ឬអានសារ បណ្តាញសង្គម អ៊ីមែល ឬរូបថត
- ដាក់ឧបករណ៍នៅលើផ្នែកណាមួយនៃរាងកាយ ឬហុចឧបករណ៍ទៅឱ្យអ្នកដំណើរម្នាក់។
ឧបករណ៍ចល័តដូចជា ទូរសព្ទដៃមិនបានដាក់ភ្ជាប់នៅនឹងកន្លែង ឬឥតជាប់នឹងអ្វីមួយ ថេប្លេត កុំព្យូទ័រយួរដៃ ឧបករណ៍ចាក់មេឌៀ និងឧបករណ៍លេងហ្គេម
នៅពេលបើកបរ (លើកលែងតែនៅពេលចត) អ្នកមិនត្រូវ៖
- ប៉ះឧបករណ៍ចល័ត ទោះបីជាវាត្រូវបានបិទក៏ដោយ
- អនុញ្ញាតឱ្យឧបករណ៍ចល័តស្ថិតនៅលើភ្លៅរបស់អ្នក ឬនៅលើផ្នែកណាមួយនៃរាងកាយ ឬសម្លៀកបំពាក់របស់អ្នក (លុះត្រាតែវានៅក្នុងហោប៉ៅ ឬនៅក្នុងថង់ដែលភ្ជាប់ទៅនឹងខ្សែក្រវ៉ាត់របស់អ្នក ឬផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នក)
- ក្រឡេកមើលអេក្រង់ឧបករណ៍មួយ ដែលកំពុងដំណើរការដោយអ្នកផ្សេងទៀតនៅក្នុងរថយន្ត
- ហុចឧបករណ៍ចល័តទៅឱ្យអ្នកដំណើរម្នាក់
- ប្រសិនបើអ្នកដំណើរម្នាក់ ហុចឧបករណ៍ចល័តទៅឱ្យអ្នកបើកបរ
អ្នកអាច៖
- ភ្ជាប់ទៅប៊្លូធូសនៃយានយន្តអ្នក ហើយដាក់ឧបករណ៍នោះឱ្យឆ្ងាយពីការមើលឃើញ ហើយឱ្យនៅផុតពីដៃ មុនពេលអ្នកចាប់ផ្តើមបើកបរ។
- ប្រើទូរសព្ទចល័ត ឬឧបករណ៍ផ្សេងទៀតដើម្បីទូទាត់ប្រាក់នៅកន្លែងបើកបរឆ្លងកាត់។
ឧបករណ៍ចល័ត ឬប្រព័ន្ធដាក់ដំឡើងពីខាងក្នុង ដាក់ភ្ជាប់នៅនឹងកន្លែង (ដូចជាប្រព័ន្ធរុករក ឬកម្សាន្ត)
ក្នុងករណីយភាគច្រើន អ្នកបើកបរអាចប្រើប្រព័ន្ធដាក់ភ្ជាប់នៅនឹងកន្លែង ឬដាក់ដំឡើងពីខាងក្នុង សម្រាប់មុខងារនានាដូចជាតន្ត្រី និងការរុករក ដរាបណាគេមិនបញ្ចូលអត្ថបទ រំកិល ឬមើលរូបភាព ឬវីដេអូ។ (សូមមើលបញ្ជីពេញលេញនៃសកម្មភាពដែលត្រូវបានហាមឃាត់ខាងលើ)
សម្រាប់ឧបករណ៍ទាំងនេះ អ្នកអាចពាល់ ឬប៉ះឧបករណ៍នេះរយៈពេលយ៉ាងខ្លីតែប៉ុណ្ណោះ ដើម្បី៖
- ចាប់ផ្តើម ទទួលយក ឬបដិសេធការហៅជាសំឡេង
- ចាក់ ឬស្ទ្រីមសម្ភារៈជាសំឡេង
- កែសម្រួលកម្រិតសំឡេង
- ប្រើមុខងារមួយនៅលើឧបករណ៍នោះ ដែលបានរចនាឡើងដើម្បីជួយអ្នកក្នុងការដំណើរការយានយន្ត
- ប្រើមុខងាររុករក
- ប្រើមុខងារមួយនៅលើឧបករណ៍នោះ ដែលបានរចនាឡើងដើម្បីតាមដានឥរិយាបថ ឬស្ថានភាពរបស់អ្នកបើកបរ ឬ
- អនុវត្តមុខការបើកបរខាងវិជ្ជាជីវៈ
មួកសុវត្ថិភាពម៉ូតូ
សកម្មភាពតែមួយគត់ដែលអ្នកបើកបរម៉ូតូអាចប្រើដើម្បីដំណើរការឧបករណ៍ពាក់មួកសុវត្ថិភាព ត្រូវបានកំណត់ចំពោះការប៉ះឧបករណ៍នោះរយៈពេលយ៉ាងខ្លី ឬប្រើការបញ្ជាដោយសំឡេង ដើម្បី៖
- ចាប់ផ្តើម ទទួលយក ឬបដិសេធការហៅជាសំឡេងនៅលើឧបករណ៍
- ចាក់ ឬស្ទ្រីមសម្ភារៈជាសំឡេងនៅលើឧបករណ៍នោះ
- ប្រើមុខងារមួយនៅលើឧបករណ៍នោះ ដែលបានរចនាឡើងដើម្បីជួយអ្នកបើកបរក្នុងការដំណើរការយានយន្ត
- ប្រើមុខងាររុករកនៅលើឧបករណ៍នោះ
- ប្រើមុខងារមួយនៅលើឧបករណ៍នោះ ដែលបានរចនាឡើងដើម្បីតាមដានឥរិយាបថ ឬស្ថានភាពរបស់អ្នកបើកបរ (ដូចជាម៉ូនីទ័រត្រួតពិនិត្យបេះដូង)
- អនុវត្តមុខការបើកបរខាងវិជ្ជាជីវៈ និង
- កែសម្រួលកម្រិតសំឡេងឧបករណ៍ណាមួយខាងលើ។
នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ និងអេក្រង់បង្ហាញរូបភាពនៅពីខាងមុខដែលអាចពាក់បាន
នៅពេលបើកបរ (លើកលែងតែនៅពេលចត) អ្នកមិនត្រូវ៖
- ប៉ះឧបករណ៍នោះ (ក្រៅពីការប៉ះពាល់ដោយចៃដន្យដែលបណ្តាលមកពីការពាក់ឧបករណ៍នោះ)
- ប្រើឧបករណ៍នោះ ឧទាហរណ៍ សម្រាប់មុខការណាមួយខាងក្រោម៖
- ការអាន ឬសរសេរអត្ថបទដូចជាសារ និងអ៊ីមែល
- ការមើលប្រព័ន្ធផ្សព្វផ្សាយសង្គម និងរូបថត
- ការចូលរួមក្នុងការហៅជាវីដេអូ
- ការប្រើមុខងាររុករកនៅលើឧបករណ៍នោះ
- ប្រើមុខងារមួយនៅលើឧបករណ៍នោះ ដែលបានរចនាឡើងដើម្បីតាមដានឥរិយាបថ ឬស្ថានភាពរបស់អ្នកបើកបរ
- អនុវត្តមុខការបើកបរខាងវិជ្ជាជីវៈ។
ទោះយ៉ាងណាក៏ដោយ អ្នកអាចធ្វើកិច្ចការដូចខាងក្រោមបាន ប៉ុន្តែប្រសិនបើប្រើការបញ្ជាដោយសំឡេងតែប៉ុណ្ណោះ៖
- ចាប់ផ្តើម ទទួលយក ឬបដិសេធការហៅជាសំឡេងនៅលើឧបករណ៍នោះ
- ចាក់ ឬស្ទ្រីមសម្ភារៈជាសំឡេងនៅលើឧបករណ៍នោះ
- កែសម្រួលកម្រិតសំឡេង។
អ្នកបើកបរដែលដាក់ផ្លាកអក្សរ L និង P
អ្នកបើកបរដែលដាក់ផ្លាកអក្សរ L និង P ស្ថិតក្រោមការរឹតបន្តឹងបន្ថែមទៀត នៅពេលនិយាយអំពីការបើកបរដែលរំខាន។
មិនត្រូវប្រើឧបករណ៍ចល័តដោយមធ្យោបាយណាមួយឡើយ។ ប្រសិនបើអ្នកចង់ប្រើទូរសព្ទរបស់អ្នកសម្រាប់តន្ត្រី ឬការរុករក វាត្រូវតែបានដាក់ភ្ជាប់នៅនឹងកន្លែង (សូមមើលផ្នែកឧបករណ៍ចល័តដាក់ភ្ជាប់នៅនឹងកន្លែងខាងក្រោម)។
អ្នកបើកបរដែលដាក់ផ្លាកអក្សរ L និង P ខណៈពេលកំពុងបើកបររថយន្ត ឬជិះម៉ូតូ មិនអាច៖
- ដំណើរការឧបករណ៍ចល័ត (ដូចជាទូរសព្ទដៃ ថេប្លេត ឬកុំព្យូទ័រយួរដៃ) ដោយមធ្យោបាយណាមួយ រួមទាំងសម្រាប់ការហៅទូរសព្ទ និងការរុករក
- ប្រើការបញ្ជាដោយសំឡេង ដើម្បីដំណើរការឧបករណ៍ណាមួយ
- បញ្ចូលអត្ថបទ លេខ ឬនិមិត្តសញ្ញា
- រំកិល (ដូចជានៅលើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម បញ្ជីចាក់)
- លេងវីដេអូ ឬហ្គេម ឬទទួលការហៅជាវីដេអូ
- បង្ហាញសារជាអក្សរ ប្រព័ន្ធផ្សព្វផ្សាយសង្គម អ៊ីមែល ឬរូបថត
- ដាក់ឧបករណ៍នៅលើផ្នែកណាមួយនៃរាងកាយ ឬហុចឧបករណ៍ទៅឱ្យអ្នកដំណើរម្នាក់
ឧបករណ៍ចល័ត (មិនបានដាក់ភ្ជាប់នៅនឹងកន្លែង) រួមទាំងទូរសព្ទ ថេប្លេត និងកុំព្យូទ័រយួរដៃ និងឧបករណ៍ដែលអាចពាក់បាន (នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ និងអេក្រង់បង្ហាញរូបភាពនៅពីខាងមុខដែលអាចពាក់បាន)
អ្នកមិនអាចពាល់ ប្រើ ឬដំណើរការឧបករណ៍ដែលមិនបានដាក់ភ្ជាប់នៅនឹងកន្លែង ឬអាចពាក់បានទាល់តែសោះ ខណៈពេលកំពុងបើកបរ សូម្បីតែពេលកំពុងប្រើការបញ្ជាដោយសំឡេង និងសូម្បីតែបានដំឡើងជាមុនក៏ដោយ។ មិនមានករណីលើកលែងចំពោះច្បាប់នេះទេ។
ដូចគ្នាដែរ អ្នកមិនអាចមើលអេក្រង់ឧបករណ៍មួយខណៈពេលកំពុងបើកបរ ឬឱ្យអ្នកដំណើរបង្ហាញអេក្រង់ដល់អ្នក ឬហុចឧបករណ៍មួយឱ្យអ្នកបានទេ។
អ្នកអាចមើលនាឡិកាឆ្លាតវៃរបស់អ្នក ដើម្បីមើលពេលវេលា ប្រសិនបើតម្រូវឱ្យមានការពាល់ ឬការបញ្ជាដោយសំឡេង។
ឧបករណ៍ចល័តដាក់ភ្ជាប់នៅនឹងកន្លែង ឬប្រព័ន្ធដាក់ដំឡើងពីខាងក្នុង (ដូចជាប្រព័ន្ធរុករក ប្រព័ន្ធគ្រប់គ្រងអាកាសធាតុ ឬប្រព័ន្ធកម្សាន្ត)
ក្នុងនាមជាអ្នកបើកបរដែលដាក់ផ្លាកអក្សរ L និង P អ្នកអាច:
- ដាក់ភ្ជាប់ឧបករណ៍នៅនឹងកន្លែង ប្រសិនបើការដាក់ភ្ជាប់នៅនឹងកន្លែងនោះត្រូវបានរចនាឡើង ហើយផលិតជាលក្ខណៈពាណិជ្ជកម្ម ហើយសម្រាប់គោលបំណងនោះ។
- ប្រើឧបករណ៍ដាក់ភ្ជាប់នៅនឹងកន្លែងសម្រាប់តែការរុករក និងការចាក់ជាសម្លេងប៉ុណ្ណោះ (ដូចជាតន្ត្រី ឬផតខាស) ដរាបណាវាត្រូវបានរៀបចំមុនពេលចាប់ផ្តើមការធ្វើដំណើរ។ អ្នកត្រូវបញ្ឈប់រថយន្ត ហើយចតដើម្បីប្តូរបទចម្រៀង ឬបញ្ចូលអាសយដ្ឋានផ្សេង។ អ្នកមិនត្រូវបានអនុញ្ញាតឱ្យពាល់ឧបករណ៍ភ្ជាប់នៅនឹងកន្លែង សម្រាប់គោលបំណងណាមួយក្នុងអំឡុងពេលបើកបឬឡើយ។
- ប៉ះឧបករណ៍ដាក់ដំឡើងពីខាងក្នុងរបស់អ្នកដោយសង្ខេប ដើម្បីកែសម្រួលការកំណត់រុករក ការគ្រប់គ្រងអាកាសធាតុ និងមុខងារសំឡេង (ដូចជាវិទ្យុ)។
នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ និងអេក្រង់បង្ហាញរូបភាពនៅពីខាងមុខដែលអាចពាក់បាន
អ្នកបើកបរដែលដាក់ផ្លាកអក្សរ L និង P មិនអាចដំណើរ ឧបករណ៍ដែលអាចពាក់បានដោយមធ្យោបាយណាមួយឡើយ។
អ្នកមិនអាច:
- ប៉ះឧបករណ៍ដែលអាចពាក់បាន (ក្រៅពីការប៉ះពាល់ចៃដន្យជាមួយឧបករណ៍ ដែលបណ្តាលមកពីអ្នកបើកបរពាក់ឧបករណ៍នោះ)
- ដំណើរការឧបករណ៍ដោយប្រើការបញ្ជាដោយសំឡេង
- ក្រឡេកមើលឧបករណ៍ដែលអាចពាក់បានមួយ ដែលកំពុងដំណើរការដោយអ្នកផ្សេងទៀតនៅក្នុងរថយន្ត
មួកសុវត្ថិភាពម៉ូតូ
ក្រៅពីការប្រើឧបករណ៍សម្រាប់រូបភាព ឬព័ត៌មានដែលទាក់ទងនឹងសុវត្ថិភាព ឬប្រតិបត្តិកានៃកង់ អ្នកបើកបរដែលដាក់ផ្លាកអក្សរ L និង P អាចប្រើឧបករណ៍មួកសុវត្ថិភាពម៉ូតូតែប៉ុណ្ណោះសម្រាប់៖
- ការចាក់ ឬស្ទ្រីមសម្ភារៈជាសំឡេង (តន្ត្រី ផតខាស សៀវភៅអូឌីយ៉ូ)
- ការរុករក
ទោះយ៉ាងណាក៏ដោយ អ្នកមិនត្រូវ៖
- ពាល់ឧបករណ៍ ឬប្រើការបញ្ជាដោយសំឡេង នៅពេលបំពេញកិច្ចការខាងលើនេះ។
ជាចាំបាច់ត្រូវរៀបចំមុខងារមុនពេលអ្នកចាប់ផ្តើមបើកបរ ហើយអ្នកត្រូវបញ្ឈប់រថយន្តដើម្បីផ្លាស់ប្តូរការកំណត់។
ពិន័យ
ការប្រើទូរសព្ទដៃដោយខុសច្បាប់ (ឬឧបករណ៍ផ្សេងទៀត) បណ្តាលឱ្យមានការផាកពិន័យជាទឹកប្រាក់ $555 និងដកបួន (4) ពិន្ទុ។